ខ្វះលុយដណ្តឹងប្រពន្ធ យុវជនម្នាក់ដាច់ចិត្តចាក់សម្លាប់មិត្តភក្តិប្លន់យកម៉ូតូ

(កំពង់ស្ពឺ) ៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យឃាត់ខ្លួនបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពល្បួងមិត្តភក្តិទិញស្រារបៀរផឹកជាមួយគ្នារួចយកកាំបិតចុងស្រួចចាក់សម្លាប់ប្លន់យកម៉ូតូ កាលពីវេលាម៉ោង ០៧ ៖ ៤០ យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចខាងជើងរោងម៉ាស៊ីនកិនស្រូវអប្សរារ៉ាយ ភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។

នគរបាលក្រុងឧដុង្គម៉ែជ័យ បានឱ្យដឹងថា មានយុវជន ០២ នាក់ បានជួបជុំគ្នាផឹកស៊ី ហើយក្រោយឃើញជនរងគ្រោះរាងស្រវឹងបន្តិច ជនបង្កក៏បានយកកាំបិតចុងស្រួចធ្វើសកម្មភាពអារ.ក និងចាក់សម្លាប់ជនរងគ្រោះតែម្តង ដើម្បីប្លន់យកម៉ូតូ ។

ជនរងគ្រោះមានឈ្មោះ ណយ ចាន់ណៃ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរជាកម្មកររោងចក្រ រស់នៅភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ។ រីឯយុវជនដៃដល់មានឈ្មោះ ពេជ្រ រ៉ាវី អាយុ ២០ ឆ្នាំ មុខរបរកម្មកររោងចក្រដូចគ្នា រស់នៅក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយធ្វើការស្រាវជ្រាវកំណត់បានមុខសញ្ញា រួចឈានដល់ការឃាត់ខ្លួនយុវជនដៃដល់ ។ កម្លាំងជំនាញក៏បានដកហូតវត្ថុតាងដែលបន្សល់ទុកនៅកន្លែងកើតហេតុមាន កូនកាំបិត ០១ ដើម ប្រឡាក់ឈាម ស្បែកជើង ០១ គូ និងស្រាបៀរ ០៦ កំប៉ុង ។

នៅចំពោះមុខសមត្ថកិច្ចជន ដៃដល់ឈ្មោះ ពេជ្រ រ៉ាវី បានសារភាពថា ខ្លួន និងជនរងគ្រោះឈ្មោះ ណយ ចាន់ណៃ គឺជាមិត្តភក្តិស្និតស្នាល រួមការងាររោងចក្រជាមួយគ្នា ។ ដោយសារតែស្រឡាញ់កូនស្រីគេនៅខេត្តតាកែវខ្លាំងពេក ហើយមិនមានលុយទៅចូលស្តីដណ្តឹង ទើបសម្រេចចិត្តសម្លាប់មិត្តភក្តិដើម្បីប្លន់យកម៉ូតូទៅលក់យកលុយឱ្យម្តាយចូលស្តីដណ្តឹងនារីដែលខ្លួនស្រឡាញ់ ៕