(ឧត្តរមានជ័យ) ៖ យុវតីជាសិស្សសាលាចំនួន ០៣នាក់ ដែលបានធ្វើសកម្មភាពប្រើអំពើហិង្សាវាយដំទាត់ធាក់ទៅលើយុវតីម្នាក់ទៀត ហើយថតជាវីដេអូបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានកម្លាំងនគរបាលក្រុងសំរោង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ស្រាវជ្រាវឃាត់ខ្លួននាំមកធ្វើកិច្ចសន្យាអប់រំ និងឱ្យឪពុកម្តាយអាណាព្យាបាលមកធានាយកទៅអប់រំបន្ត ។
លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានឱ្យដឹងនៅវេលាម៉ោង ០៩ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះថា ដោយមានការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានធ្វើការកោះហៅ មកអប់រំក្មេងស្រីជាសិស្សសាលា សរុបចំនួន ០៤នាក់ (រួមទាំងជនរងគ្រោះ) ដែលបានធ្វើសកម្មភាពវាយតប់គ្នា រួចថតវីដេអូរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ។
លោកវរសេនីយ៍ឯក ហម ភិរម្យ បានប្រាប់បន្តថា ករណីយុវតីជាសិស្សសាលា ចំនួន ០៣នាក់ បានធ្វើសកម្មភាពព្រួតវាយទៅលើយុវតីម្នាក់ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣កន្លងទៅ នៅចំណុចតាមផ្លូវខាងលិចរបងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ មូលហេតុដោយសារក្រុមជនសង្ស័យ ខឹងជនរងគ្រោះ ដើរនិយាយដើមខ្លួន ។
ក្រោយពីឃ្លីបវីដេអូបង្ហាញពីក្មេងស្រីៗមួយក្រុមបានធ្វើសកម្មភាពវាយគ្នា ហើយបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុករួចមក លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានចាត់ឱ្យកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងសំរោង ចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតបានរកឃើញ និងធ្វើការកោះហៅក្មេងស្រីទាំងអស់សរុបចំនួន ០៤នាក់ រួមមាន ៖
ទី១. ឈ្មោះ ម៉ានី ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៧ រស់នៅភូមិដូនកែនសែនជ័យ សង្កាត់សំរោង (ជាជនដៃដល់) ។
ទី២. ឈ្មោះ សុតី ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៦ រស់នៅភូមិកំណប់ សង្កាត់បន្សាយរាក់ (ជាជនដៃដល់) ។
ទី៣. ឈ្មោះ រក្សា ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៦ រស់នៅភូមិសំរោង សង្កាត់សំរោង (ជាបក្ខពួកជនដៃដល់) ។
និងទី៤. ឈ្មោះ ស.ស.ព ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៥ រស់នៅភូមិសំរោង សង្កាត់សំរោង (ជាជនរងគ្រោះ) ។
បន្ទាប់ពីបានធ្វើកំណត់ហេតុ ស្តាប់ការបំភ្លឺរួច ក្មេងស្រីឈ្មោះ (ម៉ានី និង សុតី) បានឆ្លើយសារភាពថា ពួកគេទាំង ០២នាក់ ពិតជាវាយទៅលើក្មេងស្រីឈ្មោះ សុខ ស្រីពេជ្រ ពិតប្រាកដមែន មូលហេតុដោយសារខឹងជនរងគ្រោះដើរនិយាយដើមខ្លួន ។
នៅអធិការដ្ឋាននគរបាលក្រុងសំរោង មន្ត្រីនគរបាលយុត្តិធម៌ បានណែនាំអប់រំផ្លូវច្បាប់ និងធ្វើកិច្ចសន្យាដល់ក្មេងស្រីទំនើងទាំង ០៣នាក់ខាងលើ ដោយតម្រូវឱ្យអាណាព្យាបាលមកធានា យកត្រឡប់ទៅផ្ទះវិញ ដើម្បីធ្វើការអប់រំបន្តផងដែរ ៕