យុវជនម្នាក់ តូចចិត្តសង្សារសុំបែក ជិះម៉ូតូទៅលោតពីលើស្ពានជ្រោយចង្វារ តែមិនបានសម្រេច

(ភ្នំពេញ) ៖ យុវជនម្នាក់ បានតូចចិត្តសង្សារបែកចិត្តទៅភ្ជាប់ពាក្យជាមួយអ្នកថ្មី បានជិះម៉ូតូទៅអង្គុយយំនៅលើស្ពានជ្រោយចង្វារ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់ជាប់ នាំទៅកាន់ប៉ុស្តិ៏នគបាលសង្កាត់ជ្រោយចង្វារដើម្បីសួរនាំ កាលពីវេលាម៉ោង ៨ និង ២០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា យុវជនដែរប៉ុនប៉ងលោតទឹកបញ្ចប់ជីវិតខ្លួននោះ មិនប្រាប់អត្តសញ្ញាណដល់សមត្ថកិច្ចឡើយ តែមើលតាមលិខិតបណ្តាំយុវជននោះមានឈ្មោះ ស៊ី ធូ អាយុប្រហែល ១៧ឆ្នាំ ។ មុនពេលកើតហេតុ គេឃើញយុវជនរូបនោះ ជិះម៉ូតូម៉ាកហុងដា ប៊ីត ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1KG-9556 ធ្វើដំណើរឡើងស្ពានជ្រោយចង្វារ ពីលិចទៅកើត ខណៈធ្វើដំណើរមកដល់ពាក់កណ្ដាលស្ពាន ក៏ឈប់ម៉ូតូអង្គុយយំ ។ ភ្លាមៗនោះប្រជាពលរដ្ឋប្រទះឃើញក៏មករាយការណ៍ប្រាប់សមត្ថកិច្ចចរាចរណ៍ប្រចាំការនៅរង្វង់មូលគួចកាណុង ។

បន្ទាប់ពីសមត្ថកិច្ចទទួលបានសេចក្ដីរាយការណ៍ភ្លាម ក៏ឡើងទៅមើលក៏ប្រទះឃើញយុវជននោះ អង្គុយយំក្នុងដៃមានកាន់លិខិតបណ្តាំមួយច្បាប់ ផ្តាំទៅយុវតីឈ្មោះ អូន ណា បន្ទាប់មកសមត្ថកិច្ច ក៏ឃាត់យុវជននោះនាំទៅកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដើម្បីទំនាក់ទំនងរកសាច់ញាតិមកទទួល ៕