ធនាគារប្រ៊ីដបើកសម្ពោធជាផ្លូវការ ជាមួយនឹងដំណើរការសាខាចំនួនពីរនៅទួលគោកនិងក្រុងតាខ្មៅ


ភ្នំពេញ ៖ ទីបំផុតធនាគារប្រ៊ីដ បានបើកសម្ពោធជាផ្លូវការ ជាមួយការ   ផ្តល់ជូនសេវាផលិតផលថ្មីៗ និងការបម្រើជូនប្រព័ន្ធធនាគារបែបឌីជីថលរបស់ខ្លួន និងដាក់ឱ្យដំណើរការ សាខាថ្មីចំនួនពីររបស់ខ្លួននៅទួលគោក និង ក្រុងតាខ្មៅ ។

 

ពិធីសម្ពោធនិងដាក់ដំណើរការសាខាចំនួនពីររបស់ធនាគារមួយនេះធ្វើឡើងនៅល្ងាចថ្ងៃទី២០ មិថុនា ២០២៣ ក្រោមអធិបតីភាពលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ធនាគារប្រ៊ីដ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន World Bridge  ព្រមទំាងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារប្រ៊ីដបានឱ្យដឹងថា ធនាគារ ប្រ៊ីដ បានប្តេជ្ញាចិត្តក្លាយជាធនាគារពាណិជ្ជដែលលោកអ្នកពេញចិត្តបំផុត ផ្តល់ជូនឧត្តមភាពនៃធនាគារ ព្រមទំាងការប្រឹក្សារដំណោះស្រាយផ្នែកហិរញ្ញវត្ថុជូនអតិថិជន សហគ្រាសខ្នាតតូច និងនិងមធ្យម ក៏ដូចជាបង្កើននូវអតិថិជនដែលមានតម្រូវការធនាគារបែប ឌីជីថល ជាមួយនឹងសេវាធនាគារល្អបំផុតនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។

 

ពិធីសម្ពោធនេះគឺជាការបើកទ្វារផ្តល់នូវសេវាធនាគារពាណិជ្ជឈានមុខគេទំាងសេវាឥណទានគ្រប់ប្រភេទជូនដល់អតិថិជនបុគ្គល ជាមួយនឹងបុគ្គលិកមន្រ្តីហិរញ្ញវត្ថុដែលជំនាញប្រកបដោយវិជ្ជាជីវៈ នៅរង់ចំាបម្រើលោកអ្នកជានិច្ច។  

 

លោកជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចូលរួមអបអរសាទរចំពោះធនាគារប្រ៊ីដ នូវសមិទ្ធផលនាពេលកន្លងមក រហូតមកដល់បច្ចុប្បន្ន ។ លោកបានចង្អុលបង្ហាញថា ពិធីសម្ពោធ ធនាគារ ប្រ៊ីដ នៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពី ការ រីកចម្រើននៃវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ ធនាគារ ប្រ៊ីដបានបង្ហាញពីការខិតខំប្រឹងប្រែង របស់ខ្លួនដោយបន្តវិវឌ្ឍខ្លួនឥតឈប់ឈរ ដោយកម្លាយខ្លួនពីធនាគារឯកទេសទៅជា ធនាគារពាណិជ្ជ ដើម្បីផ្តល់ជូននូវដំណោះស្រាយតម្រូវការហិរញ្ញវត្ថុរបស់ប្រទេស។

 

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារប្រ៊ីដ បានឱ្យដឹងថា"យើងបានរៀបចំការសម្ពោធធនាគាររបស់ យើងយ៉ាងប្រុងប្រយ័ត្នដោយបានរៀបចំផែនការយុទ្ធសាស្រ្តឆ្ពោះទៅមុខ និងពង្រឹងទំនាក់ទំនងជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីធានាបានថាយើងបាន ដាក់ដំណើរការសេវាកម្មរបស់ពួកយើងជាសាធារណៈជាមួយនឹងគុណភាព។ បទពិសោធន៍សេវាធនាគារអតិថិជនគឺជាអាទិភាព ធំបំផុតរបស់ពួកយើង ហើយយើងចង់ធ្វើឱ្យប្រាកដថា អតិថិជនរបស់យើងមានបទពិសោធន៍ធនាគារដែលងាយស្រួល និងមានសុវត្ថិភាព។ ជាការពិតណាស់ដើម្បីផ្តល់ជូនសេវាធនាគារដែលល្អដល់អតិថិជន គឺតម្រូវឱ្យបុគ្គលិករបស់យើងជាពិសេសអ្នកដែលប្រាស្រ័យទាក់ទងជាមួយអតិថិជន ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវលើចំណេះ និងជំនាញ ក៏ដូចជាការធ្វើបដិសណ្ឋារកិច្ច”។

 

ធនាគារ ប្រ៊ីដ បានបានវិនិយោគទៅលើហេដ្ឋានរចនាសម្ព័នថ្មី បច្ចេកវិទ្យា និងធនធានមនុស្សជាចំបាច់។ ជាក់ស្តែងកាលពីឆ្នាំមុន ធនាគារបានវិនិយោគលើប្រព័ន្ធគ្រប់គ្រងសេវាបណ្ណ ជាមួយនឹងប្រព័ន្ធ  ស្នូលធនាគារ បែបឌីជីថល និងសេវាធនាគារចល័ត (Mobile banking) របស់ខ្លួន។ នេះបើយោងតាម តាមប្រសាសន៍របស់លោក Richard Liew នាយកប្រតិបត្តិរបស់ធនាគារប្រ៊ីដ  “លើសពីនេះ ធនាគារនឹងអាចផ្តល់សេវាកម្មយ៉ាងពេញលេញនៅមុនដំណាច់ឆ្នាំនេះ រួមទាំងសេវាធនាគារចល័ត ប័ណ្ណឥណពន្ធសម្រាប់ម៉ាស៊ីន ATM និងសេវាប័ណ្ណឥណទាន ដែលនឹង នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ»។ លើសពីនេះ ធនាគារបានដាក់ឱ្យដំណើរការសាខារថ្មីចំនួនពីរទីតំាងនៅឆ្នាំនេះ គឺសាខា នៅក្រុងតាខ្មៅ និង ទួលគោក ។ បន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានអនុម័តលើការស្នើសុំអាជ្ញាប័ណ្ណរបស់ខ្លួន ធនាគារមានបំណងពង្រីកបណ្តាញសាខានៅតាមតំបន់ផ្សេងៗ និងការផ្តល់ជូនសេវាហិរញ្ញវត្ថុផ្សេងៗបន្ថែមទៀត។

 

ធនាគារប្រ៊ីដ គឺជាធនាគារពាណិជ្ជក្នុងស្រុកដែលមានចក្ខុវិស័យក្នុងការ ក្លាយជាដៃគូហិរញ្ញវត្ថុ ដែលលោកអ្នកពេញចិត្តក្នុងថ្ងៃនេះនិងនាពេលអនាគត ប្តេជ្ញាផ្តល់ជូនសេវាហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្តបាន តាមរយៈស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព៕